“តើនរណាក្នុង​សម័យកាលយើង​អាចរស់​ដោយ​គ្មានវេទមន្ត និង​គ្មាន​ការស្រមើស្រមៃបន្តិចបន្តួច​បាន?”

Méliès៖ រឿងរ៉ាវស្ដីពីអ្នក​សម្ដែង​សៀក​រហ័សកម្មម្នាក់
Georges Méliès បានកើត​នៅ​ទីក្រុង​ប៉ារីសនៅ​ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 1861។ មុនពេល​ក្លាយជា​ផលិតករ​ភាពយន្ត​ដ៏សំខាន់​បំផុតមួយរូបនៅ​ដំណាក់កាល​ដំបូង​នៃ​ការផលិត​ភាពយន្ត Georges Méliès គឺជា និងនៅតែជា​អ្នក​សម្ដែង​សៀក​រហ័សកម្ម​ប្រកបដោយ​ទេពកោសល្យ​ម្នាក់ពេញ​មួយ​ជីវិត​របស់​គាត់។ ដោយចាប់អារម្មណ៍លើ​តុក្កតា​តាំងពីនៅវ័យ​ក្មេង គាត់ត្រូវ​បានគ្រូ​សម្ដែងសៀករហ័សសកម្ម 2 រូបគឺ John Maskelyne និង David Devant ណែនាំឱ្យចេះសម្ដែងសៀក។
អ្នកណែនាំ៖ Robert-Houdin
នៅខែកក្កដា​ ឆ្នាំ 1888 Méliès បាន​ចំណាយ​ប្រាក់ដែលបានពី​ខាងគ្រួសារ​ឪពុក​របស់​គាត់ ដើម្បី​ទិញរោង​មហោស្រព​សម្ដែង​សៀក​តូចមួយ ដែល​ជាកម្មសិទ្ធិរបស់​អ្នកណែនាំ​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Jean-Eugène Robert-Houdin ។
នៅទីនោះ​ហើយដែល Méliès បាន​ចាប់ផ្ដើម​បង្ហាញ​ពីការស្រមើស្រមៃ​ដ៏រស់រវើក​ជា​លើក​ដំបូង​របស់​គាត់ ដោយ​សម្ដែង​សិល្បៈបំភាន់​ភ្នែក និង​​ឈុតកំប្លែង​ខ្លីៗ​ដ៏​អស្ចារ្យ និង​គួរឱ្យ​ចាប់​អារម្មណ៍។
ការមកដល់​នៃ​ឧបករណ៍​បញ្ចាំង​ភាពយន្ត
នៅចុង​ឆ្នាំ 1895 Georges Méliès បាន​ឃើញ​នូវការបង្ហាញ​ជាសាធារណៈលើកដំបូងនៃឧបករណ៍បញ្ចាំងភាពយន្តរបស់បងប្អូន Lumière ដែលបានធ្វើឱ្យគាត់ពេញចិត្តយ៉ាងខ្លាំង។ គាត់​បានរៀបរាប់​អំពី​មូលហេតុដែល​គាត់ និង​ទស្សនិក​ជន “បានអង្គុយ​ចំហមាត់ និងឥតនិយាយស្ដីដោយភ្ញាក់ផ្អើលជាខ្លាំង។” ភ្លាមៗ​នោះ Méliès បានឃើញ​នូវសក្ដានុពល​ដ៏អស្ចារ្យ និងវិសេសវិសាលរបស់ “Cinématographe Lumière” នេះ។
ជំហាន​ដំបូង​នៃការចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត
ទោះជា​យ៉ាងណា​ក៏ដោយ Lumières បាន​បដិសេធ​មិនលក់​​ឧបករណ៍​របស់ពួកគេ​ទេ ដោយជឿថា “ឧបករណ៍​នេះមិន​ទទួលបាន​ជោគជ័យ​ឡើយ។” សំណាង​ល្អដែល Méliès បាន​រកឃើញឧបករណ៍​ស្រដៀងគ្នា​នៅ​ទីក្រុង​ឡុងដ៍ ​ដែលបាន​បង្កើតឡើងដោយ Robert William Paul ដែលជា​អ្នកបង្កើត​ឧបករណ៍​វិទ្យាសាស្ត្រ។

មួយឆ្នាំ​ក្រោយមក ភាពយន្ត​ដំបូង​របស់ Méliès គឺ​គ្មានអ្វី​ក្រៅពី​ការចម្លង​ស្នាដៃ​របស់ Lumières នោះ​ទេ ប៉ុន្តែ​បន្តិចក្រោយមក គាត់បាន​ផលិត​រឿង “ស្ត្រី​​បំបាំង​ខ្លួន” (1896) ​ជាភាពយន្ត​ប្រើល្បិចមួយ ​ដែលបាន​ចាប់ផ្តើមដំណាក់​កាលដំបូង​នៃការ​រួមបញ្ចូល​គ្នារវាង​ការសម្ដែង​សៀក និង​ភាពយន្ត។

ភាពយន្ត​ដំបូង
ពិភពបិសាចដែលមានការប្រែប្រួលយ៉ាងរហ័សរបស់គាត់​ ដែលបានធ្វើ​ឱ្យមានទាំង​ភាពភ័យ​ខ្លាច និង​សំណើច ដែល​បិសាច គ្រោងឆ្អឹង ខ្មោច និង​អារក្ស​ទាំងអស់​បានរស់ឡើងវិញ​នៅក្នុងឈុតបែបបំភាន់ភ្នែក បានធ្វើឱ្យ​ទស្សនិកជន​របស់គាត់មានភាពរំភើបរីករាយ ហើយត្រូវការទស្សនីយភាពបែបនេះបន្ថែមទៀត។
ស្ទូឌីយ៉ូ Montreuil
ដើម្បី​កសាងបន្ថែមពីលើ​ភាព​ជោគជ័យ​នេះ Méliès បាន​សាងសង់​ស្ទូឌីយ៉ូ​ភាពយន្ត​នៅលើ​ដី​គ្រួសារ​របស់គាត់​នៅ Montreuil ដែលស្ថិត​នៅក្រៅ​ទីក្រុង​ប៉ារីសបន្តិច ​ដោយ​ចំណាយ​អស់ប្រាក់​ជាច្រើន។ ស្ទូឌីយ៉ូនេះបំពាក់ទៅដោយបន្ទប់​ផ្លាស់សម្លៀកបំពាក់​សម្រាប់​តួសម្ដែង កន្លែងរក្សាទុកសម្ភារ ទ្វារសម្ងាត់ និងឧបករណ៍​ត្រង​ពន្លឺ ហើយ​វានឹងជួយសម្រួលការងាររបស់ Méliès រហូត​ដល់ចុង​បញ្ចប់​នៃអាជីព​ផលិត​ភាពយន្ត​របស់គាត់។
គ្មានអ្វី​នៅសេសសល់​ពីស្ទូឌីយ៉ូ​កញ្ចក់​ដែលបាន​កសាងឡើង​សម្រាប់​គោលបំណង​នេះទេ។ វាជា​ស្ទូឌីយ៉ូ​ដំបូងគេក្នុងចំណោមស្ទូឌីយ៉ូបែបនេះ ប៉ុន្តែវាត្រូវ​បានគេកម្ទេច​ចោលទាំង​ស្រុងក្រោយ​ពីសង្គ្រាម​លោកលើក​ទីពីរ។
ភាពយន្តប្រើ​ល្បិច
ការបន្តុប​រូបភាព​លើ​គ្នា ការធ្វើ​ឱ្យ​រូបភាព​លេចឡើង​បន្តិច​ម្ដងៗ ការរួម​បញ្ចូល​ក្នុង​ឈុត​តែមួយ ផ្ទៃ​ខាងក្រោយ​ពណ៌ខ្មៅ រូបភាព​ថតជិត​នៅ​លើរបារ​រំកិល ឥទ្ធិពល​បែបក្នុងមហោស្របភាពយន្ត និង​បច្ចេកទេស​បាញ់ភ្លើង ឬផ្សែង ការ​បំភាន់​ភ្នែក…
បុរស​ដែលមានក្បាលជ័រ
បច្ចេកទេស​ថត​ភាពយន្ត​របស់ Méliès បាន​បង្កប់ភាពប៉ិនប្រសប់ដ៏មានតម្លៃ។ ឧទាហរណ៍ នៅក្នុង​រឿង "L'Homme à la tête de caoutchouc" (បុរស​ដែលមាន​ក្បាលជ័រ) គាត់ច្នៃ​ប្រឌិតដោយប្រើ​ឥទ្ធិពល​កាមេរ៉ា រួម​ជាមួយ​ទិដ្ឋភាព។
ឥទ្ធិពលរូប “ក្បាលជ័រ” ត្រូវទទួលបាន​ដោយប្រើ​រទេះភ្ជាប់នឹងរបារដែករំកិល។ តួសម្ដែង​ និង​រទេះ​រំកិល​ទៅរក​កាមេរ៉ា​ដែលនៅ​នឹងថ្កល់។ បច្ចេកទេសនេះ​បង្កើត​ឱ្យមាន​ឥទ្ធិពល “ពង្រីក​រូបភាព​ឱ្យធំ” នៅពេល​ដែល​រទេះ​រំកិល​ទៅកាន់កញ្ចក់​កាមេរ៉ា និងឥទ្ធិពល​បង្រួម​រួមភាព​ឱ្យ​តូច នៅពេល​ដែល​រទេះ​រំកិល​ទៅកាន់​តែ​ឆ្ងាយ។
ភាពយន្តប្រើល្បិចបានជួយឱ្យ Méliès បង្កើត​ឈុតឆាកនានានៅក្នុងភាពយន្ត​ ​ដែលនឹង​មិនអាច​ធ្វើទៅបាន​នៅលើ​ឆាកសម្ដែងឡើយ៖ រាងកាយ​ដែល​ដាច់ចេញពីគ្នា ​សំប៉ែត និង​ផ្ទុះ ការកាត់​ក្បាល និង​ដៃជើង ខណៈពេល​ដែលមនុស្សនោះ​នៅតែមានជីវិត ការបង្ហាញរូបមនុស្សដូចគ្នា ការប្រែកាឡា ការ​ផ្លាស់ប្ដូររូប ការធ្វើឱ្យ​មនុស្ស និងវត្ថុហោះឡើង…
ការធ្វើ​ដំណើរ​ទៅភព​ព្រះចន្ទ
ឆ្នាំ 1902 គឺជា​ឆ្នាំមួយ​ដែល Méliès ទទួល​បាន​ជោគជ័យ​បំផុត ដោយសារ​គាត់បាន​ផលិត​ភាពយន្ត​ដ៏ល្បីល្បាញបំផុតរបស់គាត់​ ​ដែលមាន​ចំណង​ជើង​ថា "ការធ្វើ​ដំណើរ​ទៅភព​ព្រះចន្ទ។" គាត់បានទទួល​ការបំផុសគំនិត​ពីប្រភព​ជាច្រើនដូចជា Jules Verne, H.G. Wells ឧបករណ៍កម្សាន្តនៅកន្លែងកម្សាន្ត​ខាងក្រៅ និងអូប៉េរ៉េតា។

ការថត​ភាពយន្ត​​ចំណាយ​រយៈពេល​បីបួន​ខែ និង​ត្រូវ​ចំណាយ​ថវិកាជា​ច្រើន។ ហ្វីលភាពយន្ត​មាន​ប្រវែង 853 ហ្វ៊ីត (ដែល​មានរយៈពេលប្រហែល 13 នាទី) និង​រួមមាន 30 ឈុត​។

វាមានផ្ទុកល្បិចដ៏​អស្ចារ្យ និងគួរឱ្យស្ញប់ស្ញែងបំផុត ដែល​មិន​ធ្លាប់ឃើញពីមុន​មកទេ។ ភាពយន្ត​នេះបានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក ហើយ​ត្រូវបាន​គេលួចចម្លង​ជាច្រើន ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក​ ជា​កន្លែងដែល Méliès ត្រូវបានគេ​បង្ខំឱ្យ​បើកការិយាល័យ​សាខា ដើម្បី​ការពារ​កម្មសិទ្ធិ​ភាពយន្ត​របស់គាត់។
ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព
ឆ្នាំ 1908 គឺ​ជាឆ្នាំ​ដែល Méliès ទទួល​បាន​ជោគជ័យ​បំផុត​នៅក្នុង​អាជីព ដោយ​គាត់​បាន​ផលិតភាព​យន្ត​ជាង 50 ក្នុង​មួយ​ឆ្នាំ។ វាក៏​ជាចំណុច​ចាប់ផ្ដើម​នៃទី​បញ្ចប់របស់ Méliès ផង​ដែរ ដោយ​ក្នុង​ឆ្នាំ 1912 គាត់​បាន​ផលិត​ភាពយន្ដ​ចុងក្រោយ​របស់​គាត់​ចំនួន 3 ដែល​បាន​ស្នើឱ្យ​ផលិត​ដោយ​ Pathé ជាក្រុមហ៊ុន​ភាពយន្ត​ដ៏​មានឥទ្ធិពល។ ភាពយន្ត​ទាំងនោះ​បាន​ទទួល​បរាជ័យ​ទាំង​អស់។ ទស្សនិកជន​លែង​ចង់​ទស្សនា​រឿង​សិល្ប៍សាស្ត្រវិទ្យាការ ឬបែបស្រមើស្រមៃ​ទៀតហើយ។ ​នៅពេលនេះ មនុស្សម្នានាំគ្នាចាប់អារម្មណ៍​លើរឿងរបស់ Louis Feuillade ដែលមានលក្ខណៈពិតដក់ជាប់​ក្នុងអារម្មណ៍។ ចំណែក​ឯ​ នៅ​សហរដ្ឋអាមេរិក​វិញ David W. Griffith កំពុងតែ​បោះ​ជំហាន​ថ្មី​ទៅកាន់​ការផលិត​ភាពយន្ត​ទូទាំង​ពិភព​លោក ហើយ​សង្គ្រាម​លោក​ក៏កាន់តែ​ខិត​ចូល​មក​ដល់… ទោះ​បីជា​ក្រុមហ៊ុន​ភាពយន្ត​បារាំង Pathé, Gaumont និង Éclair បាន​ក្លាយជា​ស្ថាប័ន​សំខាន់ៗ​ក៏​ដោយ ក៏ Méliès មិន​ដែល​ចង់​ប្រែក្លាយ​ក្រុមហ៊ុន​ឯករាជ្យ​តូចតាច​របស់​គាត់​ឱ្យ​ទៅ​ជា​ក្រុមហ៊ុន​ធំឡើយ​។
ការ​ដួល​រលំ
ក្នុង​ឆ្នាំ 1923 ដោយសារ​តែមិន​មាន​លទ្ធភាព​សងបំណុល​ទៅ​ក្រុមហ៊ុន​ភាព​យន្ត Pathé បាន Méliès ត្រូវបាន​គេ​បង្ខំឱ្យ​លក់​ស្ទូឌីយ៉ូ Montreuil របស់​គាត់។ គាត់​បាន​លក់​ស្ករ​គ្រាប់ និង​ប្រដាប់​ក្មេង​លេងនៅ​ស្ថានីយ Montparnasse ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ចិញ្ចឹម​ជីវិត។ អ្នក​កាសែត​ម្នាក់​បានរក​គាត់​ឃើញ​វិញ ហើយគេ​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​ដើម្បី​សម្ដែង​ការគោរព​និងកោតសរសើរចំពោះ​គាត់​នៅក្នុង​ឆ្នាំ 1929។ បីឆ្នាំ​ក្រោយ​មក Méliès រួមទាំង​ប្រពន្ធ​របស់​គាត់ Jehanne d’Alcy ដែល​គាត់បាន​រៀបការ​ជាមួយ​ក្នុង​ឆ្នាំ 1925 ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ទៅស្នាក់​នៅ​ផ្ទះ​សម្រាប់​អ្នក​ចូល​និវត្តន៍​ក្នុង​ទីក្រុង Orly ដែល​ជា​កម្មសិទ្ធិ​របស់ Cinema Society ។ គាត់​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី 21 ខែ​មករា ឆ្នាំ 1938។
កេរ​ដំណែល
ល្បិចក្នុងភាពយន្ត​ដែល​បង្កើត​ឡើយដោយ Méliès ជាតម្រុយដែលនាំឱ្យមានឥទ្ធិពល​ពិសេស​ទំនើប​ដែលត្រូវ​បាន​ប្រើ​សព្វ​ថ្ងៃ​នេះ និង​បំប្លែងទៅជាទម្រង់​ឌីជីថល​នាពេល​បច្ចុប្បន្ន​។ អ្នក​ជំនាញ​នៅ Hollywood មិន​ដែល​ភ្លេច Méliès ទេ ហើយ​នៅតែ​ចាត់​ទុក​អ្នក​សម្ដែង​សៀក​រហ័សកម្ម​នៅ Montreuil រូបនេះថា​ជាអ្នក​ដែល​បាន​ទម្លាយអាថ៌កំបាំង​ដែល​គេមិនធ្លាប់ដឹងពីមុនមក។ ស្នាដៃ​ថ្មី​បំផុត ហើយ​អស្ចារ្យ​បំផុត​សម្រាប់ Méliès គឺ​ភាពយន្ត Hugo ឆ្នាំ 2011 ដែល​បានដឹកនាំ​សម្ដែង​ដោយ Martin Scorsese ។
ក្រេឌីត៖ មេឌៀទាំងអស់
ក្នុងករណីខ្លះ រឿងរ៉ាវដែលបានរំលេច​​ត្រូវបានបង្កើត​ឡើង​ដោយ​ភាគីទីបីឯករាជ្យ ហើយអាចនឹងមិន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​ស្ថាប័ន ដែល​មានរាយឈ្មោះខាងក្រោម ដែល​បានផ្ដល់​ខ្លឹមសារនេះឡើយ។
បកប្រែ​ដោយ​ប្រើ Google
ទំព័រ​ដើម​
រុករក
នៅក្បែរ
ប្រវត្តិរូប