សាធារណរដ្ឋសិង្ហបុរី ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧១០, ២ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។ សិង្ហបុរីខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកចូហរដែលនៅខាងជើង និងចែកពីកំរងកោះរ្យៅ ដោយច្រកសិង្ហបុរីដែលនៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចំបងក្នុងវិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។ កំពង់ផែសិង្ហបុរីស្ថិតក្នុងចំនោមកំពង់ផែដែលមមាញឹកជាងគេទាំង៥នៅលើពិភពលោក។
សិង្ហបុរីមានប្រវត្តិយូរអង្វែងអំពីជនចំណូលស្រុក។ ក្នុងចំណោមប្រជាជនជាង៥លាននាក់របស់សិង្ហបុរី មានតែ២, ៩១លាននាក់ទេដែលកើតនៅទីនោះ។ មានន័យថា៤៣%នៃប្រជាជនសិង្ហបុរីមកពីបរទេស។ ប្រជាជនសិង្ហបុរីជាចំបងចំរុះដោយជាតិសាសន៍នៅអាស៊ី និងអំបូរជនជាតិកូកាស់។ កំលាំងពលកម្មក្នុងវិស័យសេវាកម្ម ៥០%ជាជនបរទេស។
នៅមុនឯករាជ្យឆ្នាំ១៩៦៥ សិង្ហបុរីមានGDP តែត្រឹម៥១១ដុល្លារ ។ បន្ទាប់ពីឯករាជ្យ ដោយមានការវិនិយោគផ្ទាល់ពីបរទេសនិងការជំរុញឧស្សាហកម្មដោយរដ្ឋ សេដ្ឋកិច្ចសិង្ហបុរីរីកចំរើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពីធ្លាក់ចុះ -៦, ៨% នៅត្រីមាសទី៤ឆ្នាំ២០០៩ GDPសិង្ហបុរីបានកើនឡើងវិញចំនួន ១៤, ៥%នៅឆ្នាំ២០១០។