ម៉ុងហ្គោលី គឺជាប្រទេសដែលព័ទ្ធជុំវិញដោយដីគោកតែមួយគត់នៅអាស៊ីខាងកើត ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង និងប្រទេសចិននៅភាគខាងត្បូង ។ដោយមានផ្ទៃក្រឡាប្រទេស ១, ៥៦៤, ១១៦ គីឡូម៉ែត្រការ៉េ ម៉ុងហ្គោលីគឺជាប្រទេសដែលធំជាងគេទី ១៨ នៅលើពិភពលោក បើទោះបីជាប្រទេសនេះមានប្រជាជនត្រឹមតែប្រមាណជា ៣ លាននាក់តែប៉ុណ្ណោះ និងជាប្រទេសដែលគ្មានព្រំប្រទល់ជាប់នឹងសមុទ្រធំជាងគេទី ២ នៅលើពិភពលោក ។ ទោះបីជាមានផ្ទៃក្រឡាធំយ៉ាងនេះក្ដី ផ្ទៃដីនៃប្រទេសនេះភាគច្រើនមិនមានអំណោយផលសម្រាប់ការធ្វើកសិកម្មឡើយ ដោយហេតុថាមួយចំនួនធំនៃផ្ទៃដីនេះគ្របដណ្ដប់ដោយវាលស្មៅដែលមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម ហើយនៅភាគខាងជើង និងខាងលិចប្រទេសគឺជាជួរភ្នំ ចំណែកភាគខាងត្បូងប្រទេសគឺជាវាលខ្សាច់ហ្គ៊ោប៊ី ។ អ៊ូលេនបាធរ គឺជារដ្ឋធានី និងក្រុងធំជាងគេរបស់ប្រទេសនេះ ហើយ ៤៥ ភាគរយនៃប្រជាជនសរុបរស់នៅក្នុងរដ្ឋធានីនេះ ។ រដ្ឋធានីអ៊ូលេនបាធរក៏ស្ថិតក្នុងចំណោមរដ្ឋធានីដែលមានអាកាសធាតុត្រជាក់ជាងគេនៅលើពិភពលោកផងដែរ ។